នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប លើកទី១៣(ASEM13)។ ក្នុងឱកាសនេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្លូវការមួយក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។

មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ក្រោមចំណងជើងថា “អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌” គឺជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៊ី និងអឺរ៉ុបជាង១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះនៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៊ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្ត្រី ការតាំងពិព័រណ៌ និងវេទិការជជែកពិភាក្សា។ ​​

កម្មវិធីបើកឆាកផ្តល់ជូននូវកម្មវិធីសិល្បៈមួយចំនួនដល់ទស្សនិកជនដែលទៅទស្សនាផ្ទាល់នៅទីក្រុងព្រុចសែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១

ព្រឹត្តិការណ៍បើកមហោស្រពជាផ្លូវវការនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងមានការបង្ហាញនូវសិល្បៈទស្សនីយភាពពិសេសមួយដែលមានចំណងជើងថា “កម្ពុជាលម្អដោយវប្បធម៌ចម្រុះ” (Colourful CAMBODIA)ដែលមានការសំដែងរបាំបុរាណ ប្រជាប្រិយ និងសហសម័យ ដែលសម្តែងដោយសិល្បករខ្មែ និងសិល្បករនៃបណ្តាប្រទេសដៃគូ ASEMផងដែរ។ ការសម្តែងនេះរួមមាន៖ របាំជូនពរសម្រាប់ស្វាគមន៍ភ្ញៀវ, របាំប្រជាប្រិយ បង្ហាញពីពិធីគោរពសែនព្រេនអ្នកតានៅ​ពេលដាំស្រូវ និងការច្រូតកាត់, របាំបុកល័ក្ខ ជារបាំបង្ហាញពីក្តីស្រលាញ់ រីឯរបាំស្រូវ​ ជារបាំសហសម័យខ្មែរ ដែលបង្ហាញពីថាមពល ស្វាហាប់ និងភាពវិជ្ជមានរបស់យុវជនកម្ពុជា។ ចម្រៀងអូប៉េរ៉ា នៃក្រុមម៉ូហ្សាតនៅអង្គរ(Mozart at Angkor) ដែលជាស្នាដៃបង្ហាញពីភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈមធ្យោបាយសិល្បៈ និងរបាំទង់ជាតិអាស៊ី-អឺរ៉ុប។

ក្នុងរយៈពេល៥ថ្ងៃនៃមហោស្រព ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រឹត្តិការណ៍សិល្បៈតំណាងឱ្យដៃគូអាស៊ី-អឺរ៉ុបជាង២០ រួមមានការសំដែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិការពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការ​លើគេហទំព័ www.ASEMculturalfestival.com។ កម្មវិធីផ្ទាល់នៅនឹងកន្លែងនៃមហោស្រពនេះរួមមាន៖ ការតាំងពិព័រណ៌សិល្បៈចំនួន៦គម្រោង ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែរភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex នៅរាជធានីភ្នំពេញ។

ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ភាពមិនប្រាកដប្រជាក្នុងសកលលោកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ ពេលវេលានៃការផ្លាស់ប្តូរពិភពលោកទាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងអាស៊ី និងអឺរ៉ុប។ ក្រោមប្រធានបទ ‘ការលើកកម្ពស់ភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈសិល្បៈនិងវប្បធម៌’ មហោស្រពនេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងអាស៊ី និងអឺរ៉ុប ក្នុងវិស័យសិល្បៈ និងវប្បធម៌ ដោយលើកកម្ពស់ភាពជាដៃគូអាស៊ី-អឺរ៉ុប តាមរយៈការទំនាក់ទំនង និងកិច្ចសហការ។

មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបនេះ ធ្វើឡើងជារៀងរាល់ឆ្នាំដែលជាព្រឺតិ្តការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប។ ព្រឹតិ្តការណ៍នេះបង្កើតបានជាការខិតខំស្វែងរកសក្តានុពលដ៏ធំសម្បើម និងភាពស៊ីសង្វាក់គ្នានៃកិច្ចសហប្រតិបត្តិការអន្តរវប្បធម៌ និងកិច្ចសហការបង្កើតស្នាដៃសិល្បៈរវាងទ្វីបទាំងពីរ ដែលជាវេទិកាវប្បធម៌ដ៏លេចធ្លោមួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប។ មហោស្រពនេះក៏មានគោលបំណងបង្កើនការយល់ដឹងអំពីដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដល់សហគមន៍សិល្បៈនៃតំបន់ទាំងពីរ និងសាធារណជនទូទៅ។ មហោស្រពនេះក៏បង្ហាញពីទស្សនៈ និងគុណតម្លៃរបស់អាស៊ី-អឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងទ្វីបទាំងពីរផងដែរ។